ពត៌មានអំពីអង្គការសេហ្វ

អង្គការសេហ្វបង្កើតឡើងដោយ

លោក គង់ វន

នៅថ្ងៃទី១០ខែមិនាឆ្នាំ១៩៩៣នៅទីក្រុង Yokohama នៃប្រទេសជប៉ុន

បន្ទាប់ពីបង្កើតបានតែបន្តិច អនិកជនខ្មែរជាច្រើនដែលរស់នៅប្រទេសជប៉ុន គាំទ្រយ៉ាងសកម្មរាល់សកម្មភាពរៃអង្គាសថវិកាដើម្បី ជួយស្តារនិងកសាងវិស័យអប់រំឡើងវិញ ឲ្យបានល្អប្រសើរក្រោយ ពី ប្រទេសខ្មែរដ៏អភ័ព្វត្រូវបានរងគ្រោះ ដោយសង្គ្រាម២ទស្សវត្សកន្លងមកនេះ។

001នៅឆ្នាំ១៩៩៨អង្គការសេហ្វបានចុះកិច្ចព្រមព្រៀងរវាងក្រសួងអប់រំយុវជននិងកីឡាបង្កើត គ្រឹះស្ថានសិក្សាមួយនៅភូមិលិង្គ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ឆ្នាំ២០០១ អង្គការសេហ្វ និងអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន និងមានសមាគមជប៉ុនជាច្រើនគាំទ្របានចុះអនុស្សរណះនៃកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតំណាងឲ្យរាជ រដ្ឋាភិបាលកម្ពុជា។

ជាលទ្ធផលអង្គការសេហ្វ(CEAF)បានសង់អគារសិក្សាបាន៤ខ្នង ដោយខ្លួនឯង។បន្ថែមលើនេះពីព្រោះស្ថានទូតជប៉ុន(O.D.A)ជនជាតិខ្មែរនិងជប៉ុនគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន ជួយសង់អគារយ៉ាងប្រណិតថែមបាន៥ខ្នងធំៗទៀត។

កត្តាចំបងដែលបណ្តាលឲ្យខ្ញុំបាទគង់ វន បង្កើតមូលនិធិខ្មែរជំនួយការសិក្សានេះឡើង ដោយហេតុកាលពីឆ្នាំ១៩៩១ ខ្ញុំបានឃើញសិស្សថ្នាក់ បឋមសិក្សាមួយនៅជនបទដាច់ស្រយាលក្នុងស្រុកព្រះស្តេចអង្គុយរៀនផ្ទាល់ដីហើយបន្ទប់រៀនរបស់គេឥតមានជញ្ជាំង ដំបូលឥតមានក្បឿង ប្រក់ហើយមានតែតុនិងកៅអីប្រហែល១០ប៉ុណ្ណោះហេតុនេះហើយដែលជំរុញចិត្តខ្ញុំបាទគង់ វន មិនអាចឈរអោបដៃមើលកុមារឥតសាលារៀន តទៅទៀតឡើយ ទើបខ្ញុំបាទចាប់ផ្តើមធ្វើសកម្មភាពនេះឡើងដោយឥតអៀនខ្មាស់និងមិនខ្លាចការហត់នឿយ។លើសពីនេះទៀតសកម្មភាពនេះ បានកាត់ផ្តាច់ការទំនាក់ទំនងរវាងខ្ញុំនិងគ្រួសារលែងស្និតស្នាលដូចមុនទៀតផង។

សូមបញ្ជាក់ជូនជ្រាបថាមុនអង្គការសេហ្វកើតបាន ខ្ញុំបាទបានចំណាយពេលច្រើនខែពន្យល់ភរិយាខ្ញុំឲ្យគាត់ព្រមឲ្យខ្ញុំបង្កើតអង្គការនេះឡើងពីព្រោះគាត់តែងតែលើកជាសំនួរសួរខ្ញុំជាច្រើនថាប៉ាឯងពេលណាខ្វះលុយម្តងម្កាលមិនហ៊ានខ្ចីគេទេសុខចិត្តអត់អីចាយ  តែពេលណាមានលុយបើគេខ្ចីមិនហ៊ានទារទេ ព្រោះខ្លាចគេខឹង  ដូច្នេះបើបង្កើតអង្គការមនុស្សធម៌ទៅ ទិសដៅធំបំផុតគឺរៃអង្គាសថវិកាដើម្បីកសាងសាលានិងជួយសិស្សក្រីក្រឲ្យពួកគេមានឱកាសបន្តការសិក្សាឲ្យបានជ្រៅជ្រះ។ ភរិយាខ្ញុំសួរខ្ញុំថែមទៀតថា ប៉ាហ៊ានសុំលុយអ្នកដទៃទេបើប៉ាជាអ្នកប៉ិនខ្មាស់អៀនផង? ខ្ញុំតបថា ខ្ញុំដាក់ចិត្តដាក់កាយសុំគេហើយក្នុងបំណងមិនឲ្យជនរួមជាតិយើងជួបភាពក្រលំបាករងទុក្ខវេទនាដូចកាលខ្ញុំនៅក្មេងនោះទៀតទេ។  ខ្ញុំក្រណាស់កាលខ្ញុំនៅអាយុតិចជាង២០ឆ្នាំ ពេលចេញពីស្រុកកំណើតមកភ្នំពេញធ្វើកម្មករលីសែងមាត់ទន្លេខ្ញុំមានតែខោខ្លីមួយអាវមួយនិងក្រម៉ាមួយទេពេលមកភ្នំពេញ នេះជាការពិតនៃជីវិតរបស់ខ្ញុំក្រោយមកខ្ញុំទទួលរងគ្រោះថ្នាក់ធំៗស្ទើរបាត់បង់ជីវិតទៀតផង ខ្ញុំត្រូវបាននគរបាលចាប់ឃុំអស់រយៈពេល៩ថ្ងៃកាលពីឆ្នាំ១៩៦៣ដោយចោទថាខ្ញុំធ្វើការឲ្យCIA។ក្រោយសង្គ្រាមចាប់ផ្តើមបានមួយឆ្នាំគឺកាលឆ្នាំ១៩៧១ខ្ញុំត្រូវពួកខ្មែរ ក្រហម  វៀតកុង(VC) និងទាហានវៀតណាមខាងជើង(North Vietnamese Army)ចាប់ឃុំក្នុងត្រង់សេ២៣ថ្ងៃ។ក្រោយមកខ្មែរក្រហម យកទៅសម្លាប់នៅ ឃុំផ្អាវខេត្តកំពង់ចាមតែរត់រួចកាលពីថ្ងៃទី១០ឧសភាឆ្នាំ១៩៧៥។ ក្រោយមកទៀតជាប់គុក៦ខែដោយហេតុគេចោទថាខ្ញុំធ្វើការអោយកាសែតUPIនិងKyodo Newsជាអ្នកលក់ខួរក្បាលឲ្យបរទេស។មុនគេសម្លាប់ ខ្ញុំសួរគេថាហេតុអ្វីអ្នកចង់សម្លាប់ខ្ញុំ? ខ្ញុំមិនមែនទាហានទេ?ខ្ញុំជាអ្នកកាសែត  គេ ឆ្លើយថាទាហានអញមិនខ្លាចទេ តែអ្នកកាសែតនិយាយតែមួយអត្ថបទអាចស្លាប់១លាននាក់។

បច្ចុប្បន្នស្រុកខ្មែរលែងមានសង្គ្រាមហើយ វាជាពេលដែលម្នាក់ៗត្រូវរួបរួមគ្នាកសាងជាតិយើងឲ្យថ្កុំថ្កើនរុងរឿង ម្ល៉ោះហើយយើងខ្ញុំជាសមាជិក អង្គការសេហ្វទាំងជប៉ុននិងខ្មែរបានទិញដីមួយកន្លែងនៅភូមិលិង្គ ឃុំអង្គរាជ្យ ស្រុកព្រះស្តេចខេត្តព្រៃវែង ទំហំ៣.៧៥ហិចតាហើយបាន សម្រេច ជាឯកច្ឆ័នចាប់ផ្តើមសង់អនុវិទ្យាល័យមួយឈ្មោះអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនដើម្បីរួមចំណែកសហការជាមួយក្រសួងអប់រំយុវជននិងកីឡាពួតដៃគ្នាគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សានេះឲ្យមានកិត្យានុភាពផង និងស្តង់ដាខ្ពស់ផងនិងមានទិសដៅធ្វើឲ្យសាលានេះក្លាយជាសាលាគំរូនៅ កម្ពុជាហើយសន្យាជាមួយមាតាបិតានិងអាណាព្យាបាលសិស្សថាមិនយកលុយថ្លៃសាលាសូម្បីតែមួយសេនក៏អត់ដែរ។

ដោយសារតែអនុវិទ្យាល័យនេះជាសាលារដ្ឋ ដូចនេះការគ្រប់គ្រងបានល្អប្រសើរហើយវិន័យល្អបង្រៀននិងការរៀនអាចទទួលយកបាន ពីព្រោះ លោកគ្រូអ្នកគ្រូបានបង្រៀនចប់កម្មវិធីសិក្សារបស់ក្រសួងដោយជោគជ័យ ហេតុនេះហើយសិស្សអនុវិទ្យាល័យបានប្រលងជាប់ជាច្រើនប្រកបដោយគុណភាពខ្ពស់រាល់ឆ្នាំពេលប្រលងថ្នាក់ជាតិធំៗ។

អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនក្លាយជាវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនតាំងពីឆ្នាំ២០០២ ពេលនោះមានបន្ទប់រៀនតែ២០បន្ទប់ទេ រីឯសិស្សវិញកើនឡើងជារៀងរាល់ឆ្នាំ ថ្វីបើអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនជ្រើសរើសសិស្សចូលរៀនដោយធ្វើតេស្តក្តីក៏មិនខ្វះបេក្ខជនសិស្សចូលប្រលងឡើយ ពេលខ្លះសិស្សថ្នាក់ទី៦មានចំនួនច្រើនជាង៨០០នាក់មកដាក់ពាក្យប្រលងពីព្រោះជម្រើសទី១របស់សិស្សស្រុកព្រះស្តេចនិងពាមជ័រគឺអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន។ពេលប្រលងធ្លាក់ទើបពួកគេទៅរៀនអនុវិទ្យាល័យដទៃទៀត។

មូលហេតុចំបងដែលញ៉ាំងឲ្យមាតាបិតាសិស្សនិងអាណាព្យាបាលសិស្សចង់ឲ្យកូន របស់ពួកគេមករៀនសាលានេះក៏ដោយសារការគ្រប់គ្រង សិស្សបានល្អ លោកគ្រូអ្នកគ្រូមិនឈប់ដោយឥតច្បាប់ទម្លាប់ ការពង្រឹងវិន័យនិងសីលធម៌សិស្សបានល្អ ស្មើភាពគ្នាក្នុងការផ្តល់អាហារូបករណ៌ ដល់សិស្សដែលរៀនចប់ថ្នាក់មធ្យមសិក្សាចំណេះទូទៅហើយអ្នកស្ថាបនិកសាលាផ្តល់អាទិភាពដល់សិស្សក្រីក្របំផុតឲ្យរៀនថ្នាក់ឧត្តមឬក៏ធ្វើឲ្យគេ ក្លាយជាមន្ត្រីរាជការ ជាពិសេសជាវេជ្ជបណ្ឌិតដែលគ្រួសារគេពុំដែលនឹកគិតដល់ពីព្រោះពួកគេជាអ្នកស្រែហើយក្រផង។

បន្ទប់រៀនធំទូលាយ បរិស្ថានស្អាតដែលរួមទាំងសួនច្បារមានផ្កាក្រអូបសាយស្ទើរតែគ្រប់អគារសិក្សាដែលធ្វើអោយប្រជាជនខ្មែរនៅជនបទដាច់ស្រយាលផ្តោតអារម្មណ៍គ្រប់ៗគ្នាថាពេលណាកូនគេចប់សាលាបឋមសិក្សាគេនឹងបញ្ជូនកូនគេឲ្យចូលទៅធ្វើតេស្តចូលរៀនសាលាដែលផ្តើមគំនិតបង្កើតឡើងដោយអតីតជំនួយការ Kyodo newsនិងFrom Saga(CESS)។

ភាពខុសពីសាលាដទៃនោះគឺសាលាមិត្តភាពខ្មែរ-ជប៉ុនមានប្រាក់ខែបន្ថែមដល់គ្រូអនុវិទ្យាល័យ៦៩ដុល្លារក្នុង១ខែ គ្រូវិទ្យាល័យ៧៥ដុល្លារ នាយករង៨៧ដុល្លារ  និងនាយក១១៦ដុល្លារ មិនតែប៉ុណ្ណោះសិស្សដែលបានប្រលងជាប់បាក់ឌុបបាននិន្ទេសល្អ ពួកគាត់ត្រូវបានក្រុមប្រឹក្សាភិបាលសាលា ថ្នាក់ដឹកនាំនិងគ្រូទទួលបន្ទុកថ្នាក់ជ្រើសរើសផ្តល់អាហារូបករណ៍ស្របតាមសមត្ថភាពរបស់ពួកគេ។

ចំពោះភាសាបរទេសវិញ យើងខ្ញុំអាចនិយាយបានថានេះជាសាលារដ្ឋទីមួយហើយដែលមានកម្មវិធីបង្រៀនភាសាជប៉ុនចាប់តាំងពីឆ្នាំ១៩៩៩មកអ្នកដែលរៀនភាសាជប៉ុនប្រលងជាប់បានលេខល្អនឹងបានធ្វើការទទួលប្រាក់មិនតិចជាង១០០០ដុល្លារទេក្នុង១ខែយើងខ្ញុំអាចប៉ាន់ប្រមាណយោងទៅតាមមិត្តរួមថ្នាក់របស់គេប្រាប់ថាប្រហែល៨-១០នៃសិស្សរៀនសាលាជប៉ុនហើយចេះភាសាជប៉ុនកំពុងតែបំរើការងារនៅក្នុងក្រុមហ៊ុនជប៉ុននៅកម្ពុជាមាតាបិតាសិស្សមានមោទនៈភាពណាស់បន្ទាប់ពីកូនរបស់គេបានចូលរៀនអនុនិងវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ដោយសារវាជាសាលាដែលដឹកនាំសិស្សតាមលំនាំសាលានានានៅប្រទេសជប៉ុនហើយភាពខ្លាំងរបស់វាគឺបង្រៀនម៉ត់ចត់ហើយលោកគ្រូអ្នកគ្រូភាគច្រើនសុទ្ធតែមានគរុកោសល្យខ្ពស់ផ្នែកបង្រៀនស្របតាមទស្សនៈវិស័យរបស់សប្បុរសជនអ្នកផ្តល់ជំនួយនិងអ្នកបង្កើតសាលា។

អនុវិទ្យាល័យនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនយើងខ្ញុំប្លែកពីសាលានានាត្រង់ពេលវេលាបង្រៀននិងរៀនជាទូទៅសាលារដ្ឋក្តីឯកជនក្តីគេបង្រៀនសិស្ស២វេន ដោយឡែកពីគ្នាវេនសិស្សរៀនព្រឹក វេនសិស្សរៀនល្ងាច។ចំណែកសាលាយើងខ្ញុំវិញសិស្សម្នាក់ៗរៀនបានទាំងព្រឹក ទាំងល្ងាចនិង  ទៀងទាត់ពេលវេលាទៀតផង។លើសពីនេះមានបង្រៀនបំប៉នដល់សិស្សក្រៅម៉ោងរដ្ឋដើម្បីខិតខំយ៉ាងណាឲ្យសិស្សប្រលងជាប់បានច្រើន ប្រកបដោយគុណភាពខ្ពស់។

កាលឆ្នាំ២០១៤ ការប្រលងថ្នាក់ជាតិទូទាំងប្រទេសបានតែ២៥.៨០% សិស្សវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនប្រលងជាប់បាន៥០%លើកទី១និង ១៦%លើកទី២ ឃើញថាសាលាយើងខ្ញុំប្រលងជាប់បានទាំងបរិមាណនិងគុណភាពគួរសមដែរ។

ចំពោះគ្រូនិងសិស្សដែលសកម្មការងារស្ទើតែរៀងរាល់ឆ្នាំត្រូវបានសាលាជ្រើសរើសឲ្យទៅធ្វើការសិក្សាស្វែងយល់អំពីប្រទេសជប៉ុនដែលជា  ប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចលើសពីនេះអង្គការសេហ្វនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនសហការឬគាំទ្រដោយអង្គការតូគឹស៊ីម៉ាអូការ៉ាកូបូនិងជួយយ៉ាងពេញទំហឹងពីកិច្ច   សហប្រតិបត្តិការជប៉ុនដែលគាំទ្រដោយចៃកា(JICA)ស្ថិតក្រោមកម្មវិធីបង្កើតសាលាគំរូដោយប្រើប្រាស់ការ កែច្នៃ ផលិតផលនៅក្នុងស្រុកដោយសិស្ស អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនរួចលក់យកកម្រៃជួយជាពិសេស ដល់អនុនិងវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន  អនុនិងវិទ្យាល័យប្រធាតុ  និងសាលា នានាក្នុងខេត្តព្រៃវែងបំណងឲ្យប្រែក្លាយជាសាលាគំរូមុនគេបង្អស់នៅកម្ពុជា។

សិស្សដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅនៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនមានចំនួន១១ជំនាន់មកហើយក្នុងនោះសិស្សដែល  បានប្រលងជាប់បាក់ឌុបមានចំនួន៨៣៦នាក់ក្នុងនោះស្រី២៧៧នាក់ហើយអ្នកដែលទទួលអាហារូបករណ៍ពីអង្គការនិងពីសប្បុរសជនជប៉ុនគិត ចាប់ពីឆ្នាំ២០០៥មកដល់ឆ្នាំ២០១៥សិស្សមានចំនួនសរុប២៦៤នាក់ ស្រី៩៧នាក់ហើយបានបន្តរៀនថ្នាក់ឧត្តមនិងនៅខេត្តខ្លះ  ហើយបានក្លាយ ជាមន្ត្រីរាជការបំរើការងារនៅតាមក្រសួងមន្ទីរនានារបស់រាជរដ្ឋាភិបាល។សិស្សឆ្នើម៥នាក់បានទទួលចំណាត់ថ្នាក់ល្អប្រសើរជាងគេថ្នាក់ជាតិ។ សិស្សថៃទេពីទទួលបានចំណាត់ថ្នាក់លេខ១សិស្សឆ្នើមថ្នាក់ជាតិផ្នែកគណិតវិទ្យាហើយទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុនទៅរៀនបន្ត ផ្នែកកុំព្យូទ័ររយះពេល៣ឆ្នាំនៅប្រទេសជប៉ុន។បើបាននិន្ទេសល្អគាត់អាចបន្តឆ្នាំទី៤ហើយទទួលបានបរិញ្ញាបត្រផ្នែកកុំព្យូទ័រ។

ចាប់ពីឆ្នាំ១៩៩៩មកមានសិស្ស៤,២៧១នាក់ ស្រី១៨០០នាក់ហើយបានចូលមករៀននៅអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន។សព្វថ្ងៃមានសិស្ស ចំនួន១,៤៥២នាក់ ក្នុងនោះស្រី៧២០នាក់កំពុងតែរៀនវិជ្ជាទូទៅគ្រប់មុខវិជ្ជាទាំងភាសាជប៉ុននិងអង់គ្លេសយើងខ្ញុំជាអ្នកបំរើការឲ្យអង្គការសេហ្វ បានធ្វើការងារសង្គមជាង២០ឆ្នាំហើយ ប៉ុន្តែផ្តោតការយកចិត្តទុកដាក់ទៅលើការជួយសាងសង់អគារសិក្សាដើម្បីរួមចំណែកលើកកំពស់ការអប់រំដល់សិស្សក្រីក្រនៅជនបទ និងលើកទឹកចិត្តលោកគ្រូអ្នកគ្រូដោយស្វែងរកថវិកាជួយប្រាក់ខែបន្ថែមជូនដល់ពួកគាត់និងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រដើម្បីឲ្យពួកគេអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាទៀត។

 

កំរងរូបភាព