ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៨ គឺជាខួបគម្រប់៨១ឆ្នាំរបស់ខ្ញុំ។ ចាប់តាំងតែពីខ្ញុំមានអាយុជាង៧០ឆ្នាំមក ខ្ញុំតែងតែត្រូវបានថ្នាក់ដឹកនាំ សាលា អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ជាពិសេសមន្រ្តីក្រុមប្រឹក្សាភិបាលអង្គការ និងសាលា មានជាអាទិ៍លោកគ្រូ នុត សុផល អញ្ជើញ ខ្ញុំចូលរួម ក្នុងពិធីជារៀងរាល់ឆ្នាំ។

តាមពិតទៅ ខ្ញុំមិនចង់រំខានពេលវេលារបស់លោកគ្រូ អ្នកគ្រូឡើយ ពីព្រោះគាត់មានការនឿយហត់នឹងការបង្រៀនដែលក្នុងមួយសប្តាហ៍ៗ គាត់ត្រូវបង្រៀនសិស្ស      ដល់ទៅ ២៨ ម៉ោង ហេតុនេះបើទុកពេលនេះសំរាក ប្រហែលជាប្រសើរជាង។

ទោះជាយ៉ាងនេះក្តី លោកគ្រូ អ្នកគ្រូ និង សិស្សភាគច្រើននៅតែចង់ធ្វើពិធីចម្រើនព្រះជន្មជូនរូបខ្ញុំ ដោយសារគាត់យល់ឃើញ ថាវាជាឳកាស ដ៏ពិសេសបំផុតដើម្បីជូនពរសិរីសួស្តី និងលើកដៃប្រណម្យបួងសួងឲ្យព្រះជាម្ចាស់ជួយតាមបីបាច់ថែរក្សាខ្ញុំ និងភរិយារបស់ខ្ញុំជួបតែ សេចក្តីសុខចម្រើន អាយុយឺនយូរ ហើយសូមឲ្យមានកម្លាំងខ្លាំងក្លាដើម្បីបំពេញការងារមនុស្សធម៌ជូនជាតិតទៅទៀត ជាពិសេសពួតដៃគ្នាដើម្បីជួយសិស្សានុសិស្សនានាដែលពុំមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមបានដូចសិស្សដទៃ ឲ្យទទួលបានឳកាសដូចៗគ្នា។

តាមប្រពៃណីខ្មែរ ប្រជាពលរដ្ឋដែលកាន់ព្រះពុទ្ធសាសនាធ្វើពិធីចម្រើនព្រះជន្មដោយមានការនិមន្តព្រះសង្ឃដើម្បីសូត្រធម៌បណ្តេញរោគាព្យាធិ ឧប្បទ្រពចង្រៃឲ្យចេញអស់ពីខ្លួន រួចសុំអោយផលបុណ្យដែលបុគ្គលនោះបានសាងឲ្យស្ថិតនៅក្នុងខ្លួនបុគ្គលនោះតទៅ។

ព្រចៅអធិការវត្តកណ្តាលស្ថិតនៅឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានក្រុមប្រឹក្សាភិបាលសាលាអនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និមន្តមកសូត្រធម៌ដើម្បីលើករាសីផង និងផ្តល់ឳវាទដ៏មានខ្លឹមសារ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាពិសេសព្រះអង្គបានរៀបរាប់ពីគុណសម្បត្តិដែលខ្ញុំបានធ្វើអស់រយៈពេល ២៥ឆ្នាំកន្លងមករហូតដល់ពេលបច្ចុប្បន្នជូនអ្នកចូលរួមបានជ្រាប។

ព្រះតេជគុណមានសង្ឃដីកាថាការជួយទ្រទ្រង់ និងស្តារវិស័យអប់រំឲ្យរីកចំរើនពិតជាមានសារៈសំខាន់ ខ្លាំងណាស់សំរាប់ការអភិវឌ្ឍន៍ នៃសង្គមជាតិប្រកបដោយចិរភាព។ ជាការពិតណាស់ដូចសុភាសិតខ្មែរមួយពោលថា អក្ខរភាពតែងចាញ់ប្រៀបគេអស់មួយជីវិត។ ខ្ញុំមានការក្តុកក្តួល និងរំភើបឥតឧប្បមា នៅពេលស្តាប់ឮសង្ឃដីកាលើកសសើរពីគុណសម្បត្តិរបស់ខ្ញុំដែលបានបំពេញជូនសង្គមជាតិ ពីព្រោះលទ្ធផលនៃការខិតខំក្នុងរយៈពេល ១ភាគ៣នៃជីវិតរបស់ខ្ញុំវាហួសពីការរំពឹងទុករបស់ខ្ញុំ។

ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយបានស្តាប់់ដោយយកចិត្តទុកដាក់ជាទីបំផុតនៅព្រះឳវាទរបស់ព្រះអង្គ នៅពេលជាមួយគ្នានេះដែរ លោកអាចារ្យបានរៀបរាប់យ៉ាងក្បោះក្បាយអំពីសកម្មភាពមនុស្សធម៌ដែលខ្ញុំបានខិតខំធ្វើទាំងពេលឈឺ ទាំងជា និងពេលខ្លះភ្លេចបាយ ភ្លេចទឹកព្រោះរវល់នឹងការងារខ្លាំងពេក ហើយខ្ញុំមិនដែលចង់បានផលប្រយោជន៏អ្វីផ្សេង ក្រៅពីចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូប ជាពិសេសចៅៗជំនាន់ក្រោយមានចំនេះដឹងនិងចំនេះធ្វើយ៉ាងពិតប្រាកដដើម្បីកសាងជីវភាពគ្រួសារឲ្យបានល្អប្រសើរ និងរួបរួមពួតដៃគ្នាអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យសេដ្ឋកិច្ចមានការរីកចំរើនសាកសមនឹងប្រទេសមួយសំបូរទៅដោយធនធានធម្មជាតិនៃតំបន់ភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។សូមបញ្ជាក់ជូនថា មុននឹងព្រះសង្ឃទ្រង់សូត្រមន្តបន្តិចមានពិធីមួយដែលលោកអាចារ្យលើកឡើងថារបៀបនៃពិធីបុណ្យនេះគឺហៅថាការតបស្នងដឹងគុណ ឬការតបស្នងសងគុណដល់ខ្ញុំដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចាត់ទុកថាជាអ្នកមានគុណដែលបានផ្តល់ជំរកនៃចំនេះដឹងដល់ពួកគាត់។

ពិធីខួបកំណើតរបស់ខ្ញុំ មានការអញ្ជើញចូលរួមដោយលោកអនុប្រធានការិយាល័យអប់រំ យុវជន និង កីឡា ក្នុងស្រុកព្រះស្តេច និងមន្រ្តីការិយាល័យស្រុកមួយរូប ព្រមទាំងនាយក នាយករង លោកគ្រូ អ្នកគ្រូប្រហែល ៥០នាក់ ដោយបានបរិច្ចាកថវិកាផ្ទាល់ខ្លួនរបស់ពួកគាត់រៀបចំ ធ្វើម្ហូប អាហារដែលសុទ្ធសឹងជាអាហារជំនួយកម្លាំងសម្រាប់បរិភោគយ៉ាងសប្បាយរីករាយ។

ពិធីនេះមានទាំងអ្នកលើកដៃសំពះ នឹងសំដែងការគោរពដល់ខ្ញុំបាទ រួចថ្លែងអំណរគុណដល់ខ្ញុំដែលបានលះបង់ លុយកាក់បន្តិចបន្តួចដែលជា ប្រាក់សន្សំបានពេលធ្វើការនៅប្រទេសជប៉ុនយកមកជួយដល់កូនខ្មែរ មិនប្រកាន់ថាពណ៌សម្បុរ ជីវភាពក្រីក្រ ឬមានបាន ដើម្បីត្រួសត្រាយផ្លូវឲ្យពួកគេធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យនៃជីវភាពរស់នៅរបស់ពួកគេ។

ជាពិសេសព្រះចៅអធិការវត្ត និងលោកគ្រូ អ្នកគ្រូបានជូនថវិកាដល់ខ្ញុំយ៉ាងច្រើនទៀតផង។អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងនោះគឺសិស្សានុសិស្ស មួយចំនួនធំបានរៃអង្គាសន៍លុយកាក់បានហើយ ថែមទាំងទិញអំណោយរួមមាន អាវយឺ កន្សែង និងភេសជ្ជៈ ដោយខ្លះទៀតបានចាត់ទុកខ្ញុំជាជីតារបស់ពួកគេថែមទៀតផង។

តាំងនាមឲ្យគ្រួសារ និងខ្លួនខ្ញុំទាំងមូល ខ្ញុំបាទសូមសម្តែងនៅការកោតសសើរ និងថ្លែងអំណរគុណជាអនេកប្បកាជូនចំពោះ ព្រះអង្គចៅអធិការវត្តកណ្តាល លោកនាយក និងក្រុមប្រឹក្សាភិបាលអង្គការ និងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងជូនពរឲ្យបានជួបតែសេចក្តីសុខចម្រើនកុំឲ្យជួបទុក្ខតាំងពីក្មេងយូរអង្វែងរហូតដល់ចាស់តរៀងទៅ។

គង់ វន

 

28942978_825697284283914_1489007483_o

29250392_826352280885081_951472730_o

29955323_834365260083783_200958209_o - Copy

 

 

 

 

 

 

 

 

29829369_1950708148577921_1004402234_o

16930726_1950708158577920_1313145018_o

29884579_1950708155244587_1079392671_o

29830916_1950708145244588_505642194_o

29748038_1948571698791566_41799972_o (1)29748038_1948571698791566_41799972_o (1)