សេចក្តីអំពាវនាវ

ខ្ញុំបាទគង់វនប្រធានមូលនិធិខ្មែរជំនួយការសិក្សា  និងជាប្រធានក្រុមប្រឹក្សាភិបាលអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុននិងជាអ្នកផ្តើមគំនិតស្ថាបនាគ្រឹះស្ថានសិក្សាខាងលើ សូមអំពាវនាវដល់ជនរួមជាតិ មាតាបិតាសិស្ស ព្រមទាំងអតីតសិស្សអនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ជាពិសេសជនជាតិជប៉ុន និងសប្បុរសជនទាំងឡាយមេត្តាជួយគាំទ្រ និងផ្តល់វិភាគទានដល់តំណាងអង្គការមូលនិធិខ្មែរជំនួយការសិក្សា យើងខ្ញុំនឹងនាំយកជំនួយឧបត្ថម្ភទាំងនេះទៅទូទាត់លើការចំណាយសាងសង់ផ្ទះស្នាក់ដែលមានឈ្មោះថា “ផ្ទះស្នាក់មិត្តភាពខ្មែរជប៉ុន” ដែលមានទីតាំងស្ថិតនៅក្នុងភូមិលិង្គ ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រទេសកម្ពុជា។

ដោយហេតុថាពុំមានផ្ទះស្នាក់នៅសមរម្យផ្តល់ជូនគ្រូស្ម័គ្រចិត្តនិងភ្ញៀវរបស់យើងដែលភាគច្រើនជាជនជាតិបរទេស ដែលលោកបានខិតខំនាំយកអំណោយមកជូនអង្គការកន្លងមក មានកន្លែងស្នាក់នៅត្រឹមត្រូវសាកសមនឹងចិត្តមេត្តា ការលះបង់របស់ពួកគាត់ចំពោះប្រជាជនខ្មែរ កត្តានេះហើយជំរុញឲ្យយើងខ្ញុំប្តេជ្ញាចិត្តខិតខំគៀងគង រៃអង្គាសរ៍អំណោយរួមមាន ថវិការ និង សម្ភារ:ផ្សេងៗ ពីជនរួមជាតិក្នុងម្នាក់ៗតិចតួចក្តី ទៅតាមការសន្តោសប្រណី និងចិត្តមេត្តារបស់លោក លោកស្រី អ្នកនាងកញ្ញា ក្មួយៗ ចៅៗ សិស្សានុសិស្សទាំងឡាយ ដើម្បីជួយការសាងសង់ផ្ទះស្នាក់នៅមួយដែលមានចំនួន ៣ ជាន់  រួមមានជាន់ផ្ទាល់ដី ៥ បន្ទប់ ជាន់ទីមួយមាន ៥ បន្ទប់ និងជាន់លើមានបន្ទប់ទទួលទានអាហារ ព្រមទាំងផ្ទះបាយផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទប់និមួយៗដាក់បានគ្រែចំនួន ២ មានទំហំ ៤ ម × ៥ ម និងកម្ពស់សរុប ២.៨៥ ម រួមទាំងមានបន្ទប់ទឹក និងបង្គន់ទំហំ ១.៣០ ម × ២.៤៥ ម តម្លៃសាងសង់ទាំងអស់នេះត្រូវចំណាយទឹកប្រាក់សរុបស្មើនឹង ៦២, ៣៤៤.០៩ ដុល្លារសហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះ យើងខ្ញុំជាក្រុមប្រឹក្សាភិបាលនៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងអង្គការមូលនិធិខ្មែរជំនួយការសិក្សា បានទទួលអំណោយពីជនជាតិខ្មែររួមមាន មាតាបិតាសិស្ស អតីតសិស្ស នឹងសិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលាអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ជាពិសេសទទួលបានពីសប្បុរសជនជនជាតិជប៉ុន ដែលបានគាំទ្រសាលារយ:ពេល ២៥ ឆ្នាំមកហើយនោះ ហើយក៏មានទាំងសប្បុរសជនថ្មីផងនោះ ទើបយើងខ្ញុំអាចប្រមូលបានថវិការសរុបចំនួន៦៣,០០០ ដុល្លារសហរដ្ឋអាមេរិក។ ហើយឥឡូវយើងនៅខ្វះរវាង ៦៨០០ ដុល្លារ ទៀតទើបគ្រប់គ្រាន់សំរាប់ថ្លៃសាងសង់ រួមទាំងសម្ភារ:សំរាប់ប្រើប្រាស់នៅក្នុងបន្ទប់ដូចជាគ្រែ ពូក ខ្នើយ កន្សែង កម្រាលពូក តុ កៅអី ម៉ាស៊ីនកម្តៅទឹកងូត ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនត្រជាក់ដាក់នៅក្នុងបន្ទប់ទាំង១០ នៃផ្ទះសំណាក់។

សូមជម្រាបជូនសប្បុរសជនទាំងអស់មេត្តាជ្រាបថា ការសាងសង់ផ្ទះស្នាក់នេះនឹងរួចរាល់ជាស្ថាពរនាចុងខែ មិនាខាងមុខនេះ ដោយសារពេលនេះការសាងសង់សម្រេចបាន ៨៥% ហើយ ដូច្នេះសំណង់នេះច្បាស់ជាត្រូវសម្រេចបានយ៉ាងជោគជ័យ ១០០% ដូចដែលវិស្វករបានកំណត់ទុក ដោយបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ពិតប្រាកដណាស់។

ការជូនដំណឹងពិសេស

ដោយសង្គេតមើលឃើញថា  ជនជាតិខ្មែរភាគច្រើនសព្វថ្ងៃនេះ ទទួលទានបន្លែបង្ការផ្សេងៗមានជាអាទិ៍ដូចជា  ត្រកួន ស្ពៃខ្មៅ ស្ពៃក្តោប ថៃថាវ ឃ្លោក ត្រឡាច ត្រសក់ ល្ពៅ សាឡាត់ ខាត់ណា និងផ្លែឈើហូបផ្លែឯទៀតជាច្រើនមុខនោះ ត្រូវអ្នកកសិករ ឬ អ្នកដាំបន្លែទាំងនោះប្រើប្រាស់ជីគីមី ដើម្បីបង្កើនទិន្នផលក្នុងរយ:ពេលដ៏ខ្លី។

យោងតាមប្រភពព័ត៍មានពីអ្នកជំនាញខាងកសិកម្មបានឲ្យដឹងថា ការប្រើប្រាស់ជីគីមីច្រើនពេកក្នុងការដាំបន្លែ ផលិតជាចំណីអាហារសម្រាប់បរិភោគនោះអាចបណ្តាលឲ្យប៉ះពាល់សុខភាពមនុស្សសំបើមណាស់ ដូចជាបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ដែលពិបាកព្យាបាលជាដើម នេះបើតាមព័ត៍មានលិចចេញពីអ្នកជំនាញផ្នែកកសិកម្មបង្ហើបអោយដឹង។

កត្តានេះហើយ ខ្ញុំបាទ គង់ វន អ្នកផ្តើមគំនិតបង្កើតអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន បានព្រមព្រៀងគ្នាជាមួយនឹងសប្បុរសជនសំខាន់មួយរូប និងបានស្នើសុំឲ្យលោករកអ្នកជំនាញការខាងកសិកម្មសាកល្បងធ្វើការពិសោធន៍ដាំបន្លែគ្រប់មុខដោយប្រើជីធម្មជាតិសុទ្ធសាធ ក្នុងគោលបំណងកាត់បន្ថយឲ្យអស់នូវការប្រថុយទទួលទានបន្លែផ្ទុកសារជាតិគីមី។

គម្រោងខាងលើនេះ ចូលរួមសិក្សា និងអនុវត្តន៍ផ្ទាល់ដោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ដែលបង្រៀនផ្ទាល់ដោយគ្រូជំនាញជនជាតិជប៉ុន។ ប្រសិនបើការសាកល្បងពិសោធន៍ដាំបន្លែទទួលបានផលជោគជ័យដូចការរំពឹងទុក អ្នកគ្រប់គ្រងគម្រោងនឹងលក់ចេញមួយចំណែកដើម្បីយកប្រាក់ផ្គត់ផ្គង់ថ្លៃឈ្នួលបុគ្គលិក និងមួយចំណែកទៀតនឹងយកទៅជួយគាំទ្រដល់វិស័យអប់រំផងដែរ។

ផែនការណ៏បង្កើតឲ្យមានកសិកម្មទំនើបនេះបានចាប់ផ្តើមជិត ២ ខែរួចមកហើយ ដោយបានជីកអណ្តូង១ យ៉ាងជ្រៅ ជីកស្រះធំល្មម ១ និងបានចាក់ដីអស់រាប់រយឡានទៅបំពេញតំបន់ទំនាបឲ្យផុតពីទឹក និងទិញម៉ាស៊ីនធ្វើកសិកម្មធន់តូចមួយគ្រឿងសម្រាប់ប្រើប្រាស់។

រយ:ពេលដ៏ខ្លីខាងមុខនេះ សប្បុរសជនសំខាន់ដែលបានរៀបរាប់ខាងលើ និងផ្តល់ផ្ទះប្រក់ដំបូលស័ង្កសី ១ខ្នងមានទំហំ ទទឹង ៥ ម × ១៥ ម ហើយថែមទាំងជួយសង់បង្គន់ទំនើបធំមួយ និងសង់កន្លែងដុតសម្រាមទំនើបមួយផងដែរ ជូនដល់សាលា។

ក្នុងនាមជាស្ថាបនិក ក្រុមប្រឹក្សាភិបាល និងបុគ្គលិកនៃអង្គការមូលនិធិខ្មែរជំនួយការសិក្សា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន ជាតិ អន្តរជាតិ អតីតសិស្ស និងសិស្សកំពុងសិក្សានៅអនុនិងវិទ្យាល័យមិត្តភាពខ្មែរជប៉ុន និងចូលរួមសហការណ៍ជាមួយយើងខ្ញុំដោយក្តីមេត្តា។

អាស័យដ្ឋានទំនាក់ទំនងៈ ផ្ទះលេខ២១Eo, ផ្លូវលេខ៤៩៦, សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ

H.P: 011-951-570

Email: Kongvorn.ceaf@yahoo.com

អ្នកទទួលខុសត្រូវអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន

អ្នកបង្កើតអង្គការមូលនិធិខ្មែរជំនួយការសិក្សានិងជាប្រធានអង្គការ

អ្នកផ្តើមគំនិតបង្កើតអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុននិងជាប្រធានក្រុមប្រឹក្សាភិបាលសាលា

គង់ វន