សារលិខិតអបអរសាទររបស់ ឯកឧត្តម គូម៉ាម៉ារូ

សារលិខិតអបអរសាទររបស់ឯកឧត្តម គូម៉ាម៉ារូ

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ក្នុងពិធីប្រគល់ទទួលគ្រឿងឥស្សរិយយសជូនលោក គង់ វន

ប្រធានក្រុមប្រឹក្សាភិបាលអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន

និងជាប្រធានមូលនិធិខ្មែរជំនួយការសិក្សា

ថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៤

 

លោក គង់ វន  ប្រធានក្រុមប្រឹក្សាភិបាលអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងជាប្រធានមូលនិធិខ្មែរជំនួយការសិក្សាជាទីគោរពរាប់អាន  ខ្ញុំសូមសម្តែងនូវសេចក្តីអបអរសាទរយ៉ាងកក់ក្តៅចំពោះការទទួលបាននូវគ្រឿងឥស្សរិយយសដែលជាព្រះរាជប្រទានរបស់ព្រះចៅអធិរាជជប៉ុន ជាការទទួលស្គាល់នូវការរួមចំណែកដ៏ធំធេងនិងសមិទ្ធិផលរបស់លោកដែលបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ក្នុងការជម្រុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងកម្ពុជាកន្លងមក។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមអនុញ្ញាតិជំរាបជូន ឯកឧត្តមលោកជំទាវ លោកលោកស្រីនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ នូវជីវប្រវត្តិនិងសមិទ្ធិផលមួយចំនួនរបស់លោក គង់ វនលោក គង់ វន។ដែលបានរស់រានមានជីវិតរួចផុតពីសម័យដ៏ជូរ ចត់គឺសម័យកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៨១ លោកបានភៀសខ្លួនពីប្រទេសកម្ពុជាជាមួយនិងក្រុមគ្រួសារ និងបានចាប់ផ្តើមរស់នៅប្រទេស ជប៉ុនក្នុងនាមជាជនភៀសខ្លួននយោបាយ។

នៅឆ្នាំ១៩៩០ លោកគង់ វនបានវិលត្រលប់មកកាន់ប្រទេសកម្ពុជា ជាមាតុភូមិដែលលោកបានចាកឆ្ងាយរយះពេលប្រមាណជិត១០ឆ្នាំ។នៅ ពេលនោះលោកបានមើលឃើញនូវវិនាសកម្មនៃការបំផ្លិចបំផ្លាញស្រុកកំណើតរបស់លោកក្រោយសម័យសង្គ្រាម និងមានភាពភ្ញាក់ផ្អើលចំ ពោះស្ថានភាពនៃវិស័យអប់រំដែលត្រូវបានគេលុបបំបាត់ ទិដ្ឋភាពទាំងនេះបានជម្រុញឲ្យលោកបានសំរេចចិត្តបង្កើតនូវមូលនិធិខ្មែរជំនួយការ សិក្សានៅក្នុងប្រទេសជប៉ុន ហើយលោកក៏បានដើរតួជាប្រធានមូលនិធិផ្ទាល់ផងដែរ។

ចាប់តាំងពីពេលនោះមក លោកបានខិតខំស្វែងរកម្ចាស់ជំនួយមិនថាជាលក្ខណៈឯកជនឬស្ថាប័ននៅទូទាំងប្រទេសជប៉ុន និងខិតខំប្រមែប្រមូលមូលនិធិពីគ្រប់ទិសនានានៃប្រទេសជប៉ុន។លោកបានប្រើប្រាស់មូលនិធិទាំងនោះ ដើម្បីសាងសង់សាលារៀនសរុបចំនួន៥ រួមមានកំរិតបឋម សិក្សាអនុនិងវិទ្យាល័យនៅក្នុងខេត្តព្រៃវែង និងបានដើរតួនាទីដ៏សំខាន់ក្នុងការពាំនាំនូវជំនួយយ៉ាងជាក់លាក់មកកាន់ប្រទេសកម្ពុជា។ជាងនេះ ទៅទៀតលោក គង់ វន ផ្ទាល់ក៏បានលះបង់ថវិកាផ្ទាល់ខ្លួនដើម្បីទិញដីសម្រាប់សាងសង់សាលារៀន និងបានបន្តប្រើប្រាស់ជីវិតរបស់គាត់ដើម្បី រួមចំណែកដល់ការរស់រានឡើងវិញនៃវិស័យអប់រំប្រទេសកម្ពុជា ដោយមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ដោយហេតុនេះហើយលោក ត្រូវទទួលបានការកោតសរសើរដ៏ខ្ពង់ខ្ពស់និងការគោរពស្រលាញ់ពីសំណាក់អ្នកដែលពាក់ព័ន្ធទាំងឡាយក្នុងនោះរួមមានស្ថាប័នវិស័យអប់រំនិង ប្រជាជនជប៉ុន និងអន្តរជាតិមួយចំនួនផងដែរ។

ម្យ៉ាងវិញទៀតលោកគង់វន ដែលជាស្ថាបនិកសាងសង់អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនបានចាប់ផ្តើមបង្កើតនូវការបណ្តុះបណ្តាលការសិក្សាភាសាជប៉ុននៅក្នុងកំរិតអនុនិងវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងគេបង្អស់ក្នុងឆ្នាំ១៩៩៩សិស្សានុសិស្សដែលបានសិក្សាភាសាជប៉ុន នៅក្នុងអនុនិងវិទ្យាល័យមួយនេះកំពុងមានសកម្មភាពយ៉ាងសកម្មនៅក្នុងវិស័យផ្សេងៗដែលទាក់ទងនឹងប្រទេសជប៉ុនរួមមានការបកប្រែ ឬការបំរើការងារក្នុងក្រុមហ៊ុន ស្ថាប័នរបស់ជប៉ុនជាដើម ក្នុងន័យនេះលោកបានរួមចំណែកដ៏ធំធេងក្នុងការរឹតបន្តឹងទំនាក់ទំនងកំរិតប្រជាជននិងប្រជា ជនរវាងប្រទេសជប៉ុននិងកម្ពុជា។

មួយវិញទៀត ខ្លួនលោកផ្ទាល់ បទពិសោធន៍ដែលលោកបានឆ្លងកាត់តាមរយៈការរស់នៅក្នុងទឹកដីប្រទេសជប៉ុនជាច្រើនឆ្នាំ លោកបានវាយតំលៃខ្ពស់ចំពោះប្រព័ន្ធអប់រំតាមបែបប្រទេសជប៉ុនហើយលោកក៏សំរេចចិត្តពាំនាំរបៀបអប់រំតាមបែបប្រទេសជប៉ុនមានដូចជា វិធានការអប់រំ និង បង្រៀនរយៈពេលពេញម៉ោងក្នុងមួយថ្ងៃការច្របាច់បញ្ចូលអនុនិងវិទ្យាល័យរួមគ្នា ការបង្រៀនកុំព្យូទ័រ ការអប់រំផ្នែកសីលធម៌និងការផ្តល់អាហារូបករណ៍ក្នុងរូបភាពផ្សេងៗផងដែរ ដែលជាលទ្ធផលលោកបានបណ្តុះបណ្តាលនិងដឹកនាំអនុនិងវិទ្យាល័យមួយនេះឲ្យក្លាយជាអនុនិងវិទ្យាល័យដ៏ល្បីល្បាញមួយនៅក្នុងខេត្តព្រៃវែង និងបានរួមចំណែកដ៏ធំធេងក្នុងការតម្លើងកេរ្តិ៍ឈ្មោះនៃវិស័យអប់រំតាមបែបជប៉ុន។

ជាងនេះទៅទៀត ការខិតខំប្រឹងប្រែងក្នុងបុព្វហេតុស្តារឡើងវិញនូវវិស័យអប់រំក្នុងប្រទេសកំណើតរបស់លោក បើទោះបីជាសព្វថ្ងៃនេះលោកមានជន្មាយុចំនួន៧៧វស្សាក៏ដោយ ក៏លោកមិនបញ្ឈប់ភារកិច្ចរបស់លោកឡើយ។លោកតែងតែលះបង់ពេលវេលាផ្ទាល់ខ្លួននៅចុងសប្តាហ៍ដើម្បីទៅ ត្រួតពិនិត្យកិច្ចការទូទៅនិងដឹកនាំពន្យល់បង្ហាញសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនៃសាលានីមួយៗនៅក្នុងខេត្តព្រៃវែង។លើសពីនេះទៅទៀត  លោកក៏កំពុងលះបង់ទាំងកំលាំងកាយនិងកំលាំងចិត្តក្នុងការលើកកម្ពស់បំលាស់ប្តូរនិងការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងយុវជនជប៉ុននិង យុវជនខ្មែរយ៉ាងសកម្មតាមរយៈទំនាក់ទំនងនិងបណ្តាញដែលលោកមានផងដែរ។

លោកគង់ វនជាទីគោរព

ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសជប៉ុននិងកម្ពុជាមិនត្រឹមតែមានវត្តមានក្នុងកំរិតបំលាស់ប្តូររវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ឬកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការប៉ុណ្ណោះទេ ក្នុងនោះក៏មានការកើនឡើងដ៏ឆាប់រហ័សនៃការវិនិយោគពីក្រុមហ៊ុនជំនួយរបស់ប្រទេស ជប៉ុន បំលាស់ប្តូរយុវជន កិច្ចសហប្រតិបត្តិការវប្បធម៌  ដែលជារួមទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានឈានឆ្ពោះទៅរកភាពល្អប្រសើរឡើងក្នុងបរិបទដ៏សំបូរបែប។

ក្នុងស្ថានភាពបែបនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អ្នកដែលពាក់ព័ន្ធរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុននឹងបន្តទទួលនូវឧត្តមគតិរបស់លោកគង់ វន ដែលបានរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងដ៏រឹងមាំនៃវិស័យអប់រំនិងបំលាស់ប្តូរយុវជនរបស់ប្រទេសជប៉ុននិងកម្ពុជា ហើយជំរុញបន្ថែម ទៀតនៃសន្ទុះមិត្តភាពរវាងប្រទេសទាំងពីរ និងអាចចូលរួមជាមួយខ្ញុំក្នុងការធ្វើឲ្យប្រសើរឡើងនូវអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតចំពោះការចូលរួមចំណែកដ៏ធំធេងរបស់លោក គង់ វនចំពោះទំនាក់ទំនង រវាងប្រទេសជប៉ុននិងកម្ពុជាមកទល់នឹងពេលនេះ ហើយទន្ទឹមនឹងនោះខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅអស់ពីដួងចិត្តចំពោះការទទួលបាននូវ គ្រឿងឥស្សរិយយសដែលជាព្រះរាជទានរបស់ព្រះចៅអធិរាជជប៉ុន។

ខ្ញុំសូមអនុញ្ញាតិជូននូវសព្វសាធុការពរបវរមហាប្រសើរ សូមលោកគង់ វន ភរិយានិងក្រុមគ្រួសាររបស់លោកគង់ វនរួមទាំងភ្ញៀវកិត្តិយសទាំង អស់ ប្រកបដោយជោគជ័យយ៉ាងបរិបូរណ៍គ្រប់ភារកិច្ច។

សូមអរគុណ

(សន្ទរកថាស្វាគមន៍លើកកែវឡើង)

ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រីខ្ញុំសូមអនុញ្ញាតិចាប់ផ្តើមនូវការលើកកែវឡើងដើម្បីអបអរសាទរការទទួលបាននូវគ្រឿងឥស្សរិយយសរបស់លោកគង់ វន និងសូមប្រសិទ្ធិពរជូនចំពោះលោកគង់វននិងអ្នកដែលពាក់ព័ន្ធទាំងអស់ឲ្យទទួលបាននូវសុខភាពល្អនិងសុភមង្គលយ៉ាងបរិបូរណ៍និងសូមឲ្យទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងកម្ពុជាកាន់តែមានភាពរីកចំរើនល្អប្រសើរជាដរាប។

សូមលើកកែវឡើងទាំងអស់គ្នា។ជូនពរ!